Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ព័ត៌មានថ្មីៗ

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Thursday, September 9, 2010

WB៖ ការ​ទិញ​ដី​កសិកម្ម​ទ្រង់ទ្រាយ​ធំ​បង្ក​គ្រោះថ្នាក់​ដល់​ជីវភាព​កសិករ

by សំពៅ  |  at  7:44 PM


មន្ត្រីធនាគារពិភពលោកបានព្រមានថា ការទិញផ្ទៃដីកសិកម្មដែលមានទ្រង់ទ្រាយធំនៅកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងបង្កឲ្យមានគ្រោះថ្នាក់ទៅដល់ជីវភាពរបស់កសិករ ដោយសារតែភាពខ្វះខាតទៅលើអភិបាលកិច្ចដី។

ការព្រមានរបស់មន្ត្រីធនាគារពិភពលោក ធ្វើឡើងបន្ទាប់ពីធនាគារពិភពបានផ្សាយរបាយការណ៍របស់ខ្លួន កាលទីថ្ងៃទី៨ ខែកញ្ញា ដែលមានចំណងជើងថា "ការកើនឡើងនៃតម្រូវការដីកសិកម្មនៅលើពិភពលោក" ហើយដែលរបាយការណ៍នេះបានរកឃើញថា ការកើនឡើងតម្លៃស្បៀងអាហារពិភពលោកបានក្លាយជាកត្តាសំខាន់ ដែលបានជំរុញឲ្យមានតម្រូវការដីកសិកម្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ តម្រូវការនេះអាចបណ្ដាលឲ្យគ្រោះថ្នាក់ទៅលើសង្គម និងបរិស្ថានក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ។

លោក ង៉ូស៊ី អូខនយ៉ូ ល្វាឡា (Ngozi Okonjo-Iweala) នាយកគ្រប់គ្រងរបស់ធនាគារពិភពលោក បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែកញ្ញា ឲ្យដឹងថា តម្រូវការដីជាកម្មសិទ្ធិដែលមានលក្ខណៈទ្រង់ទ្រាយធំកំពុងមានតម្រូវការយ៉ាងខ្លាំង។ លោកស្នើឲ្យបញ្ឈប់ការលាក់លៀមចំពោះការគ្រប់គ្រងដី បើមិនដូច្នោះទេ ប្រជាពលរដ្ឋក្រីក្រនឹងមិនបាត់ដីរបស់ពួកគាត់។

មន្ត្រីគ្រប់គ្រងកម្មវិធីដីធ្លីនៃសមាគមអាដហុក លោក អ៊ូច ឡេង នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញការពិតរបស់កម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា មិនបានគោរពសិទ្ធិកាន់កាប់ដីរបស់ប្រជាពលរដ្ឋក្រីក្រ។ បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកប្រមាណ ១០០ក្រុមហ៊ុន នៅលើផ្ទៃដីកសិកម្មប្រមាណជាង ១លានហិកតា។

លោក អ៊ូច ឡេង បន្តទៀតថា រដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់ចំណូលពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ១ដុល្លារក្នុងមួយហិកតា សម្រាប់រយៈពេលមួយឆ្នាំ ប៉ុន្តែប្រសិនរដ្ឋាភិបាលផ្ដល់ដីឲ្យប្រជាពលរដ្ឋធ្វើស្រែចម្ការ ប្រជាពលរដ្ឋកម្ពុជា អាចរកប្រាក់ចំណូលបានរហូតទៅដល់ ៣០០ដុល្លារក្នុងមួយឆ្នាំ។

លោក អ៊ូច ឡេង បន្ថែមទៀតថា ក្នុងចំណោមក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ១០០នោះ មានក្រុមហ៊ុនតែចំនួនប្រមាណ ១០% ប៉ុណ្ណោះ ដែលបានប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ច ដែលផ្ដល់ដោយរដ្ឋាភិបាល ក្រៅពីនោះ ក្រុមហ៊ុនដទៃទៀតទុកដីសម្បទានទាំងនោះដើម្បីរង់ចាំដីឡើងថ្លៃ ដើម្បីផលចំណេញ ដោយមិនបានអភិវឌ្ឍទៅលើដីនោះទេ។ លោកថា រដ្ឋាភិបាលមិនអាចផ្ដល់សំណងត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយការផ្ដល់សម្បទានសេដ្ឋកិច្ចនោះទេ។

របាយការណ៍ធនាគារពិភពលោកដែលបានធ្វើការសន្និដ្ឋានពីស្ថានភាពកម្ពុជា និងប្រទេសដទៃទៀត ដោយផ្អែកទៅលើទិន្នន័យពីប្រទេសកម្ពុជា និងប្រទេសចំនួន ១៣ ផ្សេងទៀតនៅក្នុងទ្វីបអាហ្វ្រិក (Africa) អាមេរិកឡាទីន (Latin America) អឺរ៉ុប (Europe) និងអាស៊ី ដោយបានចាប់ផ្ដើមសិក្សាតាំងពីឆ្នាំ ២០០៤ ទៅដល់ឆ្នាំ ២០០៩ ហើយបានរកឃើញថា ចាប់តាំងពីវិបត្តិស្បៀងអាហារពិភពលោកកាលពីឆ្នាំ២០០៨ តម្រូវការផ្ទៃដីកសិកម្មបានកើនទៅដល់ ៤៥លានហិកតានៅឆ្នាំ២០០៩។ ប៉ុន្តែរដ្ឋាភិបាលខ្លះបានជួបវិបត្តិចំពោះតម្រូវការរបស់អ្នកវិនិយោគទុនក្រៅស្រុក ដោយមិនបានគិតពិចារណាអំពីសិទ្ធិកាន់កាប់ដីរបស់ប្រជាពលរដ្ឋមុនការផ្ដល់ដីទៅឲ្យអ្នកវិនិយោគទុន ហើយជួនកាលសិទ្ធិកាន់កាប់ដីរបស់ម្ចាស់ដីមិនត្រូវបានគេអើពើនៅពេលមានជម្លោះដី។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក កៀង វ៉ាង បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងទៅនឹងរបាយការណ៍របស់ធនាគារពិភពលោកនោះទេ។ ប៉ុន្តែអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ទិត សុធា នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា បានបដិសេធព័ត៌មានរបស់ធនាគារពិភពលោក ដែលបានសម្ដែងការព្រួយបារម្ភចំពោះប្រជាពលរដ្ឋកម្ពុជា ដែលអាចបាត់បង់ដីដោយសារតែតម្រូវផ្ទៃដីកសិកម្ម។ លោកថា កន្លងមករដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសាធារណៈរបស់រដ្ឋទៅឲ្យក្រុមហ៊ុនឯកជនជាដីសម្បទានសេដ្ឋកិច្ច ហើយរដ្ឋាភិបាលមិនបានប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋនោះទេ។

លោក ទិត សុធា បន្តទៀតថា ទោះបីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនរដ្ឋអាចរកចំណូលបានតិច ដោយរដ្ឋយកតម្លៃមួយដុល្លារក្នុងមួយហិកតាសម្រាប់រយៈពេលមួយឆ្នាំក៏ដោយ ក៏ប្រជាពលរដ្ឋនឹងអាចទទួលបានការងារធ្វើពីក្រុមហ៊ុនទាំងនោះ។ លោក ទិត សុធា ក៏បានបដិសេធផងដែរថា កន្លងមកគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានចាប់ខ្លួន ដោយសារតែបញ្ហាដីសម្បទាននោះទេ។

ការលើកឡើងរបស់លោក ទិត សុធា ហាក់បីបានផ្ទុយទៅនឹងរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សដែលបានរកឃើញថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១០ បង្ហាញថា ប្រជាពលរដ្ឋចំនួន ៦៣នាក់ ត្រូវបានចាប់ដាក់គុកទាក់ទងនឹងជម្លោះដីធ្លី។ បើប្រៀបធៀបចំនួន ៦ខែដូចគ្នានៅឆ្នាំ២០០៩ មានការកើនឡើងចំនួន ១៣នាក់។

ក្រុមមន្ត្រីសិទ្ធិមនុស្សថ្លែងថា ការចាប់ប្រជាពលរដ្ឋដាក់គុកជាវិធីគំរាមកំហែងថ្មីមួយរបស់ក្រុមហ៊ុនឯកជន និងអ្នកមានអំណាច ដោយប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ប្រឆាំងនឹងតំណាងប្រជាពលរដ្ឋ ឬប្រជាពលរដ្ឋណាដែលហ៊ានប្រឆាំងនឹងការទន្ទ្រានយកដីរបស់ក្រុមហ៊ុន។

អង្គការសិទ្ធិមនុស្សបានឲ្យដឹងថា បច្ចុប្បន្ននេះ ដីសម្បទានសេដ្ឋកិច្ចមានចំនួនរហូតទៅដល់ ១,២លានហិកតា ហើយសម្បទានដីសម្រាប់រ៉ែមាន ១,៤លានហិកតា សម្រាប់ក្រុមហ៊ុនចំនួន ១០១ក្រុមហ៊ុន។

ដើម្បីកែប្រែវិបត្តិបាត់បង់ដីរបស់ប្រជាពលរដ្ឋដោយសារតែតម្រូវការដីកសិកម្មនោះ របាយការណ៍ធនាគារពិភពលោកបានស្នើឲ្យរដ្ឋាភិបាលគោរពសិទ្ធិដីធ្លី និងអនុញ្ញាតឲ្យក្រុមហ៊ុន និងម្ចាស់ដីធ្វើការចរចាគ្នាដោយផ្ទាល់ សម្រាប់គម្រោងអភិវឌ្ឍន៍។

របាយការណ៍បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលមានការយកចិត្តទុកដាក់ទៅលើការវិនិយោគលើដី ប្រជាពលរដ្ឋជនបទនឹងទទួលបានផលប្រយោជន៍។ របាយការណ៍ក៏បានទាមទារឲ្យមានការបើកទូលាយព័ត៌មាន ការទទួលព័ត៌មាន និងការតាមដានពីសំណាក់សង្គមស៊ីវិលចំពោះបញ្ហាដីធ្លី៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.