Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Tuesday, November 23, 2010

ស្ថានភាពអ្នកស្លាប់និងរបួសនៅមន្ទីរពេទ្យ

by សំពៅ  |  at  7:08 AM


ជនរងគ្រោះដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅតំបន់ កោះពេជ្រ សាកសពមួយចំនួនត្រូវក្រុមគ្រួសារបានមកទទួលយកពីមន្ទីរពេទ្យយកទៅ ផ្ទះនៅឯស្រុកកំណើត រីឯសាកសពមួយចំនួនទៀត សមត្ថកិច្ចនៅមិនទាន់រកឃើញក្រុមគ្រួសាររបស់គេនៅឡើយ។ចំនួនមនុស្សស្លាប់បានកើនដល់ ៣៧៥នាក់ និងរបួសចំនួន ៧៥៥នាក់ហើយ ភាគច្រើនជានារី នៅក្នុងឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ដោយការផ្អើលរត់ជាន់គ្នានៅលើស្ពានឆ្លងកាត់ដៃទន្លេបាសាក់ ពីសួនច្បារ ហ៊ុន សែន ទៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា និងជាអនុប្រធានគណៈកម្មការទទួលបន្ទុកដោះស្រាយឧបទ្ទវហេតុលើស្ពាន កោះពេជ្រផងដែរនោះ បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែវិច្ឆិកាថា សាកសពទាំងនោះភាគច្រើនគ្រួសារគេបានមកទទួលយកពីមន្ទីរពេទ្យ ហើយនៅមួយចំនួនទៀតដែលគេមិនទាន់រកក្រុមគ្រួសារឃើញនោះ គេតម្កល់ទុកនៅមន្ទីរពេទ្យ។
មន្ទីរពេទ្យចំនួន៨ ដែលគេដឹកជនរងគ្រោះយកមកសង្គ្រោះបន្ទាន់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកានោះ មានតែមន្ទីរពេទ្យចំនួន៤ទេ ដែលគេតម្កល់ទុកសាកសព មានដូចជាមន្ទីរពេទ្យកាល់ម៉ែត ព្រះកេតុមាលា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬហៅថា ពេទ្យរុស្ស៊ី និងមន្ទីរពេទ្យព្រះកុសុមៈ។
អនុប្រធានមន្ទីរពេទ្យកាល់ម៉ែត លោក ញើម សូភឿន បានឲ្យដឹងថា ក្នុងចំណោមអ្នករងគ្រោះដែលដឹកយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យ របស់លោក មានមួយចំនួនបានស្លាប់តាំងពីនៅកន្លែងកើតហេតុ មួយចំនួនស្លាប់ពេលដឹកមកនៅតាមផ្លូវ និងមួយចំនួនបានស្លាប់នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ហើយអ្នករបួសកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែតមានជាង ១៥០នាក់។
ប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នករងគ្រោះថ្នាក់នៅក្នុងព្រឹត្តិការណ៍នោះ ភាគច្រើនជាយុវជន មានដូចជាកម្មកររោងចក្រ សិស្សនិស្សិត និងប្រជាពលរដ្ឋមកពីខែត្រកណ្តាល កំពង់ចាម កំពង់ធំ ស្វាយរៀង ព្រៃវែង សៀមរាប ខែត្រតាកែវ និងខែត្រផ្សេងៗទៀត។
និស្សិតឈ្មោះ ចរិយា បានយំសម្ដែងការសោកស្ដាយមិត្តភ័ក្ដិជិតស្និទ្ធរបស់នាងនៅក្រៅ បរិវេណតម្កល់សពក្នុងមន្ទីរពេទ្យកាល់ម៉ែតថា មិត្តរួមថ្នាក់របស់នាងឈ្មោះ ទីនី ភេទប្រុស អាយុ ២០ឆ្នាំ ជានិស្សិតឆ្នើមឆ្នាំទី៣ ដែលទទួលបានអាហារូបករណ៍នៃវិទ្យាស្ថានភាសាបរទេស ហៅថា អាយ.អែហ្វ.អិល (IFL) បានស្លាប់នៅក្នុងព្រឹត្តិការណ៍នេះដែរ។
ជនរងគ្រោះដែលរួចផុតពីសេចក្ដីស្លាប់ឈ្មោះ ឆេង សូនី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បានរៀបរាប់នៅក្នុងព្រឹត្តិការណ៍នោះថា បញ្ហាដំបូងបណ្ដាលមកពីការប្រជ្រៀតគ្នា និងរុញគ្នា ដើម្បីចង់បានទៅមុនគេ ពេលនោះមានមនុស្សជាច្រើនបានដួលហើយជាន់គ្នា។
រហូតមកទល់ពេលនេះ គេមិនទាន់ដឹងមូលហេតុផ្លូវការច្បាស់លាស់ថា តើព្រឹត្តិការណ៍ដែលធ្វើឲ្យមនុស្សស្លាប់នេះ បណ្ដាលមកពីអ្វីពិតប្រាកដនោះ ប៉ុន្តែការសន្និដ្ឋានជាបឋមរបស់លោក ញឹម វណ្ណដា និងអគ្គស្នងការរងនគរបាលជាតិ លោក សូរ ផន បានបញ្ជាក់ថា បណ្ដាលមកពីការរត់ជាន់គ្នា និងលោតចុះពីលើស្ពាននៅពេលមានមនុស្សកកកុញរត់ជាន់គ្នានោះ មិនមែនជារឿងភេរវកម្ម និងមានជាតិពុលអ្វីទេ បន្ទាប់ពីគេបានធ្វើកោសល្យវិច័យនោះ។
យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ដោយបង្គាប់ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ស៊ើបអង្កេតរកមូលហេតុឲ្យបានច្បាស់លាស់អំពីករណីនេះ។
រដ្ឋាភិបាលបានបង្កើតគណៈកម្មការទទួលបន្ទុកដោះស្រាយករណីឧបទ្ទវហេតុ ដើម្បីចាត់ចែងសង្គ្រោះជនរងគ្រោះ ចាត់ចែងបញ្ជូនសពទៅឲ្យសាច់ញាតិ ឧបត្ថម្ភជនរងគ្រោះ ស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុ ដែលមានលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ជាប្រធានគណៈកម្មការ។
លោក ញឹម វណ្ណដា បានបន្ថែមថា សាកសពប្រមាណ ៦០%ហើយ ដែលក្រុមគ្រួសារបានមកទទួលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យរុស្ស៊ី រីឯសាកសពដែលមិនទាន់រកឃើញក្រុមគ្រួសារនោះ គេត្រូវតម្កល់ទុកក្នុងទូទឹកកកនៅក្នុងមន្ទីរពេទ្យទាំងនោះ ហើយក្នុងសាកសពម្នាក់រដ្ឋាភិបាលបានផ្ដល់ថវិកាចំនួន ៥លានរៀល និងឲ្យរថយន្តពេទ្យដឹកសពទៅដល់ផ្ទះ។ រីឯអ្នករងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ គឺមន្ទីរពេទ្យនីមួយៗបានព្យាបាលដោយមិនគិតសេវានោះទេ ហើយរដ្ឋាភិបាលក៏នឹងផ្ដល់ថវិកាដល់ពួកគេផងដែរ៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.